Monday, November 5, 2012

ពុទ្ធប្រវត្ត History of Buddha


២.១ ព្រះអង្គប្រសូត្រ
ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ​ទ្រង់ចាប់បដិសន្ធិ នាថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ឆ្នាំ មហាបុរសជាព្រះរាជបុត្រនៃព្រះបាទ​ សុទ្ធោទនៈ និងព្រះនាង ហា​មាយាទេវី នៃសក្យវង្ស ក្រុងកបិលពស្តុ ដែនសក្កៈ គឺប្រទេសនេប៉ាល់សព្វថ្ងៃ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំចមុន គ.ស៦២៣  នាលុម្ពិនីវ័នឧទ្យាន ដែលឋិតនៅត្រង់អាណាខេត្តនៃប្រទេសនេប៉ាល់​ ជិតព្រំប្រទល់ នេប៉ាល់ និងឥណ្ឌៀ។ក្រោយ​ពេលព្រះអង្គប្រសូត្របាន៧ថ្ងៃ ព្រះមាតា​របស់ទ្រង់ក៏សោយព្រះវិលាល័យ ហើយព្រះអង្គត្រូវបាន ចិញ្ចឹមបីបាច់ថែរក្សាដោយ ​ព្រះមាតុច្ឆា​​ ព្រះនាម បជាបតិ (ម្តាយមីង)។ នៅពេលព្រះអង្គ​ចម្រើន​ពេញវ័យ បានសិក្សារៀនសូត្រជាមួយ ឥសី ពិស្វាមិត្រ រួមមានមុខវិជ្ជាដូចជា​ អក្សរសាស្រ្ត គណិតសាស្រ្ត សិល្បសាស្រ្ត...។ល។  ព្រះជន្ម​គម្រប់​១៦​ព្រះ​វស្សា ព្រះអង្គក៏បាន​រៀប​​​អភិសេក​ជាមួយព្រះនាងពិម្ពាយសោធរា ហើយក្រោយមកមាន​បុត្រា​មួយព្រះអង្គ ព្រះនាម រាហុលកុមារ
ព្រះជន្មបាន ២៩ព្រះវស្សា ព្រះអង្គបានជួបរឿងរ៉ាវមួយ​ចំនួន​ ដែល​មិនធ្លាប់ជួបប្រទះ ដូចជា ទេវទូតទាំងបួន​គឹ មនុស្សជរា ​មនុស្ស​ឈឺ មនុស្សស្លាប់ និងចុងក្រោយឃើញ អ្នកបួស។ នៅពេលជួប​ព្រឹត្តិការណ៍​​​ទាំង​នេះ​ព្រះអង្គតែង​តែងឿង​ឆ្ងល់​ថា វាមិនគ្រាន់តែកើតមាន​ចំពោះ​សព្វ​សត្វ​ប៉ុណ្ណោះទេ តែកើត​មានចំពោះ​មនុស្សផងដែរ ហេតុនេះរាល់ពេលជួបព្រឹត្តិការណ៍​ទាំងនេះព្រះអង្គតែងតែចោទ​សួរឆន្ទ​​មានរឿងអ្វីកើតឡើង​ចំពោះ​ពួកគេទាំងនោះ​។
ឆន្ទ បាន​ឆ្លើយ​​ថា រាល់រឿងរ៉ាវទាំងអស់​នេះគ្មាន​មនុស្សណាអាចជៀសផុតបានឡើយ រាប់ទាំងព្រះអង្គ​ផង​ដែរ។ ដោយសារ​បញ្ហាទាំងនេះ​ហើយ​ដែល​ធ្វើឱ្យ​ព្រះអង្គ មានការត្រិះរិះពិចារណា និង​មានក្តីសោក​សង្វេគចំពោះ​បញ្ហា​ជីវិត​​​​របស់​សត្វលោកហើយ​ព្រះអង្គ​ទ្រង់ចេញទៅបួស។​ ​ព្រះអង្គ​ប្រតិបត្តិ​តាម​ផ្លូវកណ្តាលហៅថា មជ្ឈិមាបដិបទា ជាផ្លូវ​ប្រើការ​បានត្រង់ទៅរក​ពោធិញ្ញាណវិញ។

២.២ ព្រះបរមគ្រូទ្រង់ត្រាស់ដឹង
 ​​ ព្រះសម្មាសម្ពុទ្ធ ទ្រង់យាងចេញទៅសាងផ្នួសក្នុងថ្ងៃបព្រហស្បតិ៍ ពេញ​បូណ៌មី​ខែអស្សុជ ឆ្នាំថោះ នាឆ្នេរស្ទឹង អនោមា ក្រោយពីបួសហើយ ព្រះអង្គស្វែងរក​នូវ​​មោក្ខធម៌​ដោយការ

ប្រព្រឹត្តទុក្ករកិរិយាអស់៦ព្រះវស្សាក្នុងឧរុវេលាប្រទេស មគធរដ្ឋ។ ក្រោយពេលទ្រង់លះការប្រព្រឹត្តទុក្ករកិរិយាចេញ បែរមកបំពេញមជ្ឃិមាបដិបទាវិញ ​ទ្រង់បានត្រាស់ដឹងជាព្រះសព្វញ្ញូពុទ្ធប្រាកដក្នុងលោក នាថ្ងៃពុធ ពេញបូណ៌មី ១៥កើតខែពិសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៤៥ ឆ្នាំ។ បន្ទាប់ពីនោះមក ព្រះអង្គ​ក៏ទ្រង់យាង​ទៅ​​​​​សម្តែងធម៌ ពី​កន្លែងមួយទៅ​កន្លែងមួយ ទាំងក្នុងស្រុកតូចធំ និគម​រាជធានី ដើម្បី​សន្តោស​ដល់ប្រជាជន​ដែលមាន​សេចក្តី​ល្ងិត​ល្ងង់ ឱ្យភ្លឺស្វាងបាន តាម​ពុទ្ធអធ្យាស្រ័យ។

២.៣ ព្រះសាស្តាបរមគ្រូទ្រង់ចូលព្រះបរិនិព្វាន
វស្សាទី៤៥ ជាវស្សាចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងព្រះជន្មាយុ៨០វស្សា ក្នុង​​វស្សានោះព្រះអង្គទ្រង់គង់ចាំវស្សានៅ វេឡុងវគាម ជិតក្រុងវេសាលី នគរវេជ្ជី ក្នុងវស្សានោះព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំងស្ទើរតែនឹងបរិនិព្វានទៅហើយ តែព្រះអង្គ​ព្យាយាមរំងាប់ការឈឺចុកចាប់ដោយការធ្វើសមាធិ គឺ ចេតោសមាធិ ។​ក្នុងថ្ងៃពេញ​បូណ៌មី ខែមាឃ ព្រះអង្គយាងទៅគង់នៅ បាវាលចេតិយ៍ ព្រះអង្គមាន​ព្រះពុទ្ធិដិកា​ប្រាប់ព្រះអន្ទថា ម្នាលអានន្ទចាប់ពីថ្ងៃនេះទៅនៅ៣ខែទៀតតថាគត់​និងប​រិនិព្វានហើយ ពេលនោះមានការកម្រើកផែនដី ផ្អើលអស់មនុស្សទេវតា មានការ​សោកស្តាយ​យ៉ាងខ្លាំងចំពោះការសម្រេចដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
តាំងពីពេលនោះមក ព្រះសម្មាសម្ពុទ្ធស្តេច ទ្រង់និមន្តចាកចេញពីក្រុង វេសាលី ទ្រង់សម្តែងព្រះធម៌ប្រោសញេយ្យសត្វតាមកន្លែងផ្សេងៗ រហូតដល់ថ្ងៃ១៤កើតខែពិសាខ ខ្វះ១ថ្ងៃគ្រប់៣ខែ ព្រះអង្គយាងដល់ក្រុង បាវា ស្តេចគង់នៅក្រោមចំការស្វាយរបស់​នាយចុន្ទ ទ្រង់សំដែងធម៌ប្រោសនាចុន្ទរហូតបានសម្រេចសោតាបត្តិផល ហើយនាយចុនបានអារាធនា ព្រះសម្មាសម្ពុទ្ធ និងភិក្ខុសង្ឃឆាន់ភត្តាហារនៅគេហដ្ឋាន ស្អែក​ឡើយព្រះអង្គទទួលចង្ហាន់ចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គទ្រង់ឆាន់សាច់សូករមទ្ធៈ​​ដែលនាយចុន្ទថ្វាយ តែទ្រង់ហាមមិនឲ្យភិក្ខុសង្ឃឆានក្រោយពីអនុមោទនា ហើយ​ព្រះអង្គ​ទើបចាកចេញពីផ្ទះនាយចុន្ទ​ ឆ្ពោះទៅកាន់ក្រុង​កុសិនារា នៅកណ្តាលផ្លូវ​ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំងរហូតដល់ធ្លាក់ព្រះលោហិត ព្រះអង្គទ្រង់អត់ធនវេទនា​ដែលកើតឡើង ហើយបន្តនិមន្តឈប់ជារយៈៗ រហូតដល់ក្រុងកុសិនារា យាងទៅកាន់​ដើមរាំងទាំងគូបញ្ជា ឲ្យអានន្ទក្រាលសេនាសនៈចន្លោះដើមរាំងទាំងគូហើយស្តេចផ្ទំសីហសៃយា ដោយមិនគិតយាងទៅទីណាផ្សេងទៀត  ខណៈនោះដើមរាំងទាំងគូចេញ​ផ្កាពេញដើម ធ្លាក់រោយរាយលើព្រះសរីរៈរបស់ព្រះអង្គ បូជាចំពោះព្រះអង្គ។ ក្នុងយប់ នោះដែរសុភទ្ទ បានចូលគាល់សួរបញ្ហាផ្សេងៗ ព្រះអង្គបានតបបញ្ហា​ជាទីពេញ​ចិត្ត របស់សុភទ្ទៗ មានសទ្ធាជ្រះថ្លាថ្វាយខ្លួនចំពោះព្រះពុទ្ធសាសនាសុំបួសជាភិក្ខុ ព្រះអង្គ ទ្រង់
អនុញ្ញាតក្នុងករណីពិសេសក្រោយគេបំផុតក្នុងសម័យពុទ្ធកាលនេះ ជា​ភស្តុតាង បញ្ជាក់ថា ព្រះអង្គទ្រង់ បំពេញកិច្ចចុងក្រោយបង្អស់នៃព្រះជន្មាយុ​របស់​ព្រះអង្គ។ ក្រៅពីនេះ ចុងក្រោយបំផុតព្រះអង្គទ្រង់បញ្ចេញព្រះវាចាថា «ម្នាលភិក្ខុ​ទាំងឡាយយើង សូមដាស់តឿន

ពូកអ្នកថា សង្ខារទាំងឡាយមិនទៀង ចូរអ្នក​ញាំងប្រយោជន៍ ឲ្យដល់ព្រមដោយសេក្តីមិនប្រមាទចុះ» ចប់ព្រះវាចាក៏ដល់​​ នូវសេចក្តីស្ងប់ស្ងៀម ព្រះសាស្តាស្តេចរំលត់ខន្ធបរិនិព្វានក្នុងឆ្នាំម្សាញ់ បញ្ចស័ក ថ្ងៃអង្គា យាមអង្គា វេលាព្រឹកព្រាងស្វាងរស្មី ចុងក្រោយនៃយប់ ថ្ងៃ១៥កើត ពេញបូរមី ខែពីសាខ​មុនពុទ្ធសករាជ១ថ្ងៃចន្លោះដើមរាំងទាំគូក្បែរក្រុង កុសិនារា​ ​ដោយ​បន្សល់ទុកនូវ ព្រះធម៌៨៤០០០ព្រះធម្មខន្ធជាគោលបត្តិបត្ត​រហូតមកដល់សព្វថ្ងៃ។

No comments:

Post a Comment