Monday, November 5, 2012

ប្រវត្តិព្រះពុទ្ធសាសនាចូលមកក្នុងប្រទេសខ្មែរ


ព្រះពុទ្ធសាសនា បានចូលមកប្រតិស្ថាននៅប្រទេសកម្ពុជា ជាងពីរពាន់ឆ្នាំ​​​ មក​ហើយតាំងតែពីពាក់កណ្តាលពុទ្ធសតវត្យទី៣ រវាងឆ្នាំ២៣៤នៃពុទ្ធសករាជ។ តាម​ប្រភព​ឯកសារ​ កោះ​សិរីលង្កាថា នៅក្រោមតតិយសង្គាយនា ក្រោមព្រះរាជូបត្ថម្ភ​នៃព្រះបាទធម្មាសោកមហារាជព្រះ មោគ្គលិបុត្តតស្សត្ថេរ បានបញ្ជូនសមណទូត​ពីរអង្គគឺ ព្រះសោណត្ថេរ និង​ព្រះឧត្តរត្ថេរ មកកាន់ដែនសុវណ្ណភូមិជាឈ្មោះដែន​ដី ដែល​មានប្រទេសជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​​អះអាង​ថា​ជាទីឋាននៅក្នុងប្រទេសរបស់​គេតែរៀងៗខ្លួន។ ​
ប៉ុន្តែ បើតាមការសិក្សាស្រាវជ្រាវខាង​ប្រវត្តិវិទ្យា​​​​​ និងខាងបុរាណវត្ថុ​វិទ្យា​វិញ​ឃើញថា​ ព្រះពុទ្ធសាសនា បានមកដល់ប្រទេសខ្មែរមុនជាង​ទីឋាន​សុវណ្ណ​ភូមិ​ឯទៀតទាំងអស់។ តាំងពីពេលនោះមក ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជានេះ ពុំដែលរលត់សាបសូន្យម្តងណាទេ ។ ទោះបី មានការគោរពបែបមហាយានផង បែបថេរវាទ​ផង​តែក្រុមទាំងពីរមិនដែលមានទំនាស់នឹងគ្នាឡើយ គ្រាន់តែផ្លាស់ប្តូរគ្នា​ក្នុង​ឋានៈ​ជា សាសនា​របស់រដ្ឋ។​ ព្រះពុទ្ធសាសនាមហាយានបានរីកចម្រើន​ដល់កំពូល​ក្នុងរាជព្រះបាទជ័យវ័រ្មនទី៧ នៅចុងស.វទី១២នៃគ្រិស្គសករាជ។ បន្ទាប់ពីចក្រភពខ្មែរ​សម័យ អង្គរដួលរលំទៅ ព្រះពុទ្ធសាសនា​​​ថេរ​វាទ​បានចេញមកជំនួសព្រះពុទ្ធសាសនា​មហាយាន ហើយនៅស្ថិតស្ថេរ​រហូត​មកដល់សព្វថ្ងៃ(លើកលែងតែសម័យប៉ុលពត)។ ក្នុងថេរវេលា ជាងពីរពាន់ប្រាំរយឆ្នាំនេះ ព្រះពុទ្ធសាសនាបានក្លាយទៅជាស្នូល​នៃផ្នត់​ចិត្ត​គំនិត​​​របស់ប្រជាជនខ្មែរ ជាព្រលឹងរបស់​ប្រទេស​ជាតិ និងបានផ្តល់ឥទ្ធិពលយ៉ាង​ជ្រាលជ្រៅ​ទៅលើវប្បធម៌ អក្សរសាស្រ្ត សិល្បៈ ទំនៀម​ទម្លាប់ ប្រពៃណី សីលធម៌ សង្គមធម៌ របស់ មនុស្សខ្មែរ ។ ប្រជានជនខ្មែរជាង៩០%​ជាអ្នកកាន់ព្រះពុទ្ធសាសនា។ ពូកគេ​គោរពបូជាព្រះពុទ្ធសាសនាដោយសទ្ធារឹងមាំទុកជាមាគ៌ា​ជីវិត​​របស់ខ្លួន។ សូម្បី​ក្នុង​សម័យអាប់ឱន​ និងក្នុងសម័យខ្មែរក្រហម​ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដែលគេបាន​ដក​សិទ្ធខាង ជំនឿសាសនាពីប្រជាជនខ្មែរទាំងស្រុង គេបំផ្លាញសរណឋានគេបិទ​​វត្ត​អារាម គេចាប់ផ្សឹកព្រះសង្ឃទាំងអស់ជាងប្រាំមួយម៉ឺនអង្គ និងធ្វើគតព្រះសង្ឃ​រាប់ពាន់​អង្គ គេដុត​បំផ្លាញសៀវភៅធម៌គម្ពីរដីកា​ស្ទើរទាំងអស់ គេលប់បំបាត់ជំនឿ ទំនៀម​ទម្លាប់​ប្រពៃណី​​បុណ្យទាន និងពិធីផ្សេងៗក្នុងគ្រួសារប្រជាពលរដ្ឋគ្មានផ្ទះសម្បែង​ស្នាក់​​​អាស្រ័យ​​ ​គ្មាន​អាហារហូប​​ចុកព្រាត់ពីមនុស្សជា​ទីស្រឡាញ់​របស់ខ្លួន ក៏ដោយ​ក៏​ប្រជាជន​​ខ្មែរ ដែល​បាន​ស្គាល់​រស់ជាតិព្រះធម៌ថ្លៃវិសេសហើយ ប្រឹងឱសាសនានេះ​ ជាប់នឹង​ខ្លួន​​​ទុក​រហូតមក ស៊ូស្លាប់មិនព្រម​លះបងចោលឡើយ ។

No comments:

Post a Comment