Wednesday, November 7, 2012

ទស្សនវិជ្ជាពុទ្ធសាសនាលើបរិស្ថាន



គោលបំណង 

-បង្ហាញថាបញ្ហាបរិស្ថានគឺជារឿងមួយសំខាន់ដែលមនុស្សគ្រប់រូបមិនត្រូវមើលរំលងឡើយ គ្មានវត្ថុអ្វីមួយដែលរស់នៅបានដោយពុំចាំបាច់ពឹងផ្អែកលើបរិស្ថានបានឡើយ  ក្នុងន័យនេះ​ព្រះពុទ្ធជាអម្ចាស់ពុំបានមើលរំលងឡើយ ជុំវិញបញ្ហាបរិស្ថានព្រះពុទ្ធសាសនាបានផ្សព្វផ្សាយ​តាំងពីក្នុងព្រះជន្មាយុរបស់ព្រះអង្គនៅឡើយគីតាំងពីមុនពុទ្ធសករាជមកម្លេះដូចមាននៅក្នុងវិន័យបិដកភាគទី៧ ។  ដូច្នេះក្នុងមេរៀននេះចែករំលែកការយល់ដឹងដល់សមណនិស្សិត និស្សិតឲ្យមានស្មារតីទទួល​ខុស​ត្រូវខ្ពស់ជុំវិញបញ្ហាបរិស្ថាន និងបង្កើនភាពល្អប្រសើនៅក្នុងសង្គម។
            នៅលើពិភពលោកទាំងក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ​បញ្ហា​​បរិស្ថាន គឺជា ការព្រួញបារម្ភចម្បងមួយដែលប្រជាជន និងរដ្ឋាភិបាលនានា កំពុងតែប្រឈមមុខ។ បញ្ហាទាំង នេះរួមមាន កំណើតប្រជាពលរដ្ឋ ការដុតឥន្ទនៈផូស៊ីស ការបំផ្លាញ់ព្រៃឈើ ការបំពុលទឹក ការ បំពុលខ្យល់ ការបំពុលដី ការចាក់កាកសំណល់ចោល ភាពក្រីក្រ និងការបាត់បង់​ប្រភេទសត្វ និងរុក្ខជាតិនានា។
            បរិស្ថានមានន័យថា ”មជ្ឈដ្ឋានជុំវិញខ្លួន” ហើយបើនិយាយឲ្យងាយយល់ គឺមានន័យថា ខ្លួន យើង​គ្រប់រូបដែលជាសារពាង្គកាយមនុស្សរួមជាមួយពិភពមនុស្សពិភពធម្មជាតិ និងពិភព​វប្បធម៌ ដែលនៅជុំវិញ​យើង(បរិស្ថាន)។ ព្រះពុទ្ធសាសនាបានបង្ហាញឲ្យឃើញថា សាសនានេះ មាន ឥទ្ធិពល និងគុណ​ប្រយោជន៍ ​ដោយ​​ផ្ទាល់ក្នុងការលើកទឹកចិត្តឲ្យមានការសង្រ្គោះមនុស្សសត្វ និង​ធម្មជាតិ រួមទាំងការធ្វើឲ្យ​បរិស្ថាន​​​កាន់​តែស្អាត និង​ល្អប្រសើរឡើងថែមទៀត ក្នុងក្របខ័ណ្ឌ សីលធម៌ល្អ​។ ពុទ្ធសាសនាប្រើប្រព័ន្ធឃោសនា​ដ៏សំខាន់ និងសមស្របមួយសម្រាប់​បង្រៀន និង រៀន​សូត្រ​អំពី​គោលគំនិតសំខាន់ៗ នៃបរិស្ថាន ដើម្បីឲ្យប្រជាពលរដ្ឋ​ និង​សហគមន៍​នានា​អាច​មាន លទ្ធភាព​កាន់តែប្រសើរឡើងថែមទៀតក្នុងការយកចិត្តទុកដាក់ថែរ​ទាំ​បរិស្ថាន។ ​ក្នុង​នោះវត្តអារាម​បានក្លាយជានិមិត្តរូប និង​ជាមជ្ឍមណ្ឌលអប់រំដ៏មានប្រសិទ្ធិភាព ដល់សហគមន៍​មូលដ្ឋាន។
            ពុទ្ធសាសនាបានជួយប្រជាពលរដ្ឋកម្ពុជាឲ្យធ្វើដំនើរតាមគន្លងទិសដៅមួយនៃការអភិវឌ្ឍន៍
ដែលធានាបាននូវនិរន្តភាព។ និងអនាគតមួយដែលប្រជាពលរដ្ឋអាចរស់នៅដោយសំរុង​ជាមួយ​នឹងធម្មជាតិវប្បធម៌ និងខ្លួនរបស់គេផ្ទាល់ ។​ ម្យ៉ាងទៀតទស្សនៈរបស់ពុទ្ធសាសនា ស្តីពីវិបត្តិបរិស្ថាន ក៏អាចលើកទឹកចិត្ត​ដល់ការ​អភិវឌ្ឍ​ទស្សនៈអភិមាចារ ឬុក្រមសីលធម៌ទាំងក្នុងពុទ្ធចក្រទាំងក្នុង អាណាចក្រ​នៅក្នុងប្រទេស​កម្ពុជាយើង។ ក្នុងទស្សនៈសច្ចធម៌របស់ពុទ្ធសាសនាមួយថា “ការ ចាប់កំណើតមិនអាស្រ័យលើខ្លួនឯង​​” ឬ​ភាសាបាលីថា “បដិច្ចសមុប្បាទ” ព្រះពុទ្ធសាសនាគេស្គាល់ថា​ គឺជាច្បាប់លក្ខខ័ណ្ឌរាល់​សភាវៈ​ទាំង​អស់​នៅក្នុងចក្រវាឡនេះ​ មានទំនាក់ទំនងគ្នាទៅវិញមកគ្មានអ្វីអាចរស់រានមានជីវិតដោយឯកឯង​បាន​ឡើយ។ គោលការណ៍​បដិច្ចសមុប្បាទ សង្កត់ធ្ងន់ទៅលើទឹកចិត្តដល់កា​រគោរព នឹងការយោគយល់គ្នារវាងមនុស្សជាតិ​គ្រប់រូប​​នឹង​សភាវ​គ្មានសភាវណាដែលអាចស្ថិតនៅដាច់តែឯងពីបរិស្ថាននោះទេ។ មនុស្សគឺជាផ្នែកមួយមិនអាចផ្តាច់បានពីបរិស្ថាន​​​​។ យើងស្ថិតនៅក្នុងប្រព្ធ័នពេញលេញ ដែល​តភ្ជាប់យើង​ទាំងអស់គ្នា ​(មនុស្ស) វប្បធម៌របស់យើង នឹង ប្រភពមានជីវិត និងគ្មានជីវិតដទៃទៀតរបស់​ធម្មជាតិ។​ សមាសភាគទាំងពីរនេះតភ្ជាប់គ្នា ទៅវិញទៅមកជាផ្នែកនៃបរិស្ថានដែលពឹងអាស្រ័យ នឹង​ទំនាក់ទំនងគ្នាទៅវិញទៅមក។                សិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា ឬបញ្ចសីល​ជាសេចក្តីត្រូវការចំាបាច់​ជាអប្បបរមា​ សម្រាប់ឲ្យគំនិតមាយាទល្អ ជាប្រពៃណី ព្រោះសិក្ខាបទទាំងនោះ​ទូន្មានមនុស្សមិនឲ្យ​លួចទ្រព្យគេ ការវៀចាក​កាម ឬមិនរំលោភប្រព្ធន័គេ ការមិនភូត កុហកគេ និង ការមិនសេពគ្រឿងស្រវឹង។
            នៅក្នុងវិន័យបិដកភាគទី៧ចែងថាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ទ្រង់បាន​ដាក់​បញ្ញាត្តិ មិន​ឲ្យបព្វជិត​ធ្វើដំណើររដួវវស្សាឡើយ ព្រោះថានាំឲ្យមានរបួសឬគ្រោះថ្នាក់ដល់សត្វល្អិត និង​ ដង្កូវ និង ជន្លេញ ដែលចេញមករកស៊ី ក្នុងរដូវភ្លៀងនេះ។ វិន័យបញ្ញាត្តិបានដាស់​តឿន​ដល់ភិក្ខុសង្ឃ ឲ្យមានមេត្តាករុណាធម៌​ចំពោះសត្វមានជីវិតទាំងអស់។ នៅក្នុងសុត្តបិដកសត្តនិបាត គឺជាឯកសារដើមរបស់ព្រះពុទ្ធសាសនា ដែល​និយាយតំលៃធម្មជាតិ។ ព្រះពុទ្ធទ្រង់​មានពុទ្ធដីកាយ៉ាងដួច្នេះថា” អ្នកស្គាល់តិណជាតិ វល្លិជារុក្ខជាតិ រួចហើយអ្នក​ស្គាល់ សត្វគ្រប់ប្រភេទ ដូចជាដង្កូវ សត្វចតុបាតតូចធំគ្រប់ប្រភេទ និងអបាទកសត្វ មានពស់​ត្រីដែលហិចហែលសប្បាយក្នុងទឹក សត្វបក្សាបក្សី ដែលមានស្លាបហើយ​អាច​ហោះហើរនៅលើ​អាកាស​បាន...។​ អ្នកអាចដឹងលក្ខណៈ​សំគាល់របស់ពូជសត្វគ្រប់ប្រភេទ ហើយពូជរបស់វាមានលក្ខណៈ​ផ្សេងៗ​ទៀតផង”​ ។

                                វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!


Tuesday, November 6, 2012

ទស្សនពុទ្ធសាសនាលើសង្គមកិច្ច


គោលបំណង 

-បង្ហាញឲ្យសមណនិស្សិត និស្សិតឃើញថា  ព្រះពុទ្ធសាសនា​ មិនមែនគ្រាន់តែអប់រំផ្លូវ​ចិត្តដល់ពុទ្ធបរិស័ទប៉ុណ្ណោះទេ​​ ក្រៅពីនេះវត្តព្រះពុទ្ធសាសនាបាន​ចូលរួមការងារសង្គម​កិច្ច​ដែល​ជាការងារ​ស្នូលសម្រាប់លើកកំពស់សេដ្ឋកិច្ចសង្គមជាតិ និងគ្រួសារ​ក៏ត្រូវបាន​ព្រះពុទ្ធសាសនា​ចូលរួម​ជ្រោមជ្រែងយ៉ាងសកម្មផងដែរ ។  ដូច្នេះការទំនាក់ទំនងរវាង​វត្តព្រះពុទ្ធសាសនា ជាមួយ​និង​ការងារសង្គមពិតជាធ្វើឲ្យសង្គមជាតិរីកចម្រើន និង​សុខុដមរមនាពិតប្រាកដ ។
          វត្តអារាមទាំងអស់ សម័យប្រទេសជាតិកំពុងជួបប្រទះនូវវិបត្តិសង្គ្រាម ស្ថិតក្រោម​នឹម​អាណាព្យាបាល​​របស់ប្រទេសដទៃ ត្រូវក្លាយជាទីចាត់ការនៃសង្គមកិច្ច និងការងាររបស់ប្រជាពលរដ្ឋ ។វត្តនីមួយៗបានផ្ដល់កិច្ចការដែលសង្គមជាតិត្រូវការសព្វគ្រប់បែបយ៉ាង។​ ខាងផ្លូវចិត្តបានផ្ដល់នូវ​មនុស្សធម៌ សីលធម៌ និងអារ្យធម៌ ឯខាងផ្លូវសម្ភារៈបានផ្ដល់នូវការងារ វិជ្ជាជីវៈ​ឲ្យពលរដ្ឋ​ប្រកបអាជីវកម្ម​តាមសមត្ថភាពរៀងៗខ្លួន។​​ ពួកកុមារ និងយុវជនដែល​ត្រូវមាតាបិតា​​ នាំយក​ទៅ​ផ្ញើ នឹងព្រះសង្ឃឲ្យស្នាក់​នៅ​ក្នុងវត្តនាសម័យនោះមិនមែនគ្រាន់តែ​ឲ្យ​សិក្សាអក្សរ​សាស្រ្ត និង​បួសរៀន ធម៌ចេះដឹងតាមទ្រឹស្តី​​ព្រះពុទ្ធ​សាសនា​ ​ប៉ុណ្ណោះទេ​ ក្រៅ​ពី​នេះ ព្រះសង្ឃជាគ្រូអាចារ្យបានដឹកនាំកុមារ​ និងយុវជនឲ្យរៀនពិសោធន៍ធ្វើមុខ​របរវិជ្ជាជីវៈ​គ្រប់យ៉ាង ដូចជា៖
            វត្តនីមួយៗនៅសម័យនោះ​​តែងតែ​មានដីស្រែ គោ ក្របី នង័្គល រនាស់ សម្រាប់កុមារ និង យុវជន​ ដែល​​នៅស្នាក់រៀនសូត្របានដាំ ដុះ ភ្ចួររាស់ សាប ដក ស្ទូង ច្រូតកាត់ បញ្ជាន់បោកបែន​យកផល​ប្រើការក្នុងវត្ត ចំណែក​គ្រហស្ថជើងវត្តខ្លះ ឆ្លៀតពេលធ្វើការផ្ទះផង នឹងធ្វើការងារវត្តផង ។ ដូច្នេះហើយបើកុមារ ឬយុវជនទាំងនោះត្រឡប់ទៅផ្ទះវិញ មានជំនាញផ្នែកកសិកម្ម ស្រាប់មិនចាំ បាច់ស្វែងរកការងារធ្វើឡើយ។ ការធ្វើកុដិ វិហារ សាលា និងសំណងផ្សេងៗត្រូវបាន លោកគ្រូ ចៅអធិការតាមវត្តបានដឹកនាំធ្វើជាមេជាង​សាងសង់ដូចជា កាប់ឈើយកមកអារច្រៀក ឈូស ពុះ វាស់ កាត់ វាយឥដ្ឋ ធ្វើឡដុតឥដ្ឋ ដុតក្បឿង ធ្វើកំបោរ​លាយថ្ម គ្រួសខ្សាច់ធ្វើបាយអ លាបបូកជញ្ជាំង គូសវាស់ ក្បាច់រចនា ឆ្លាក់ក្រឡឹង​ ជួយទំនុកបំរុងឲ្យរៀន​ភ្លេងដូរ្យតន្រីរបាំច្រៀងរាំ និងឲ្យធ្វើ កសិកម្ម ស្រែចម្ការ ច្បារដំណាំ ជាដើមទៀត។ ទម្រាំធ្វើកុដិ វិហារ គ្រឿង ប្រើប្រាស់ផ្សេងៗ រួមទាំងភិក្ខុ សាមណេរ គ្រហស្ថ កូន សិស្សអាចចេះការងារស្ទាត់ជំនាញស្ទើរគ្រប់មុខ ។ ការហ្វឹក ហាត់បែបនេះ គឺដើម្បីដឹកនាំមនុស្សក្នុងសង្គមជាតិ ឲ្យមានមុខវិជ្ជាជីវៈផង ឲ្យបានកើតជាកុដិ វិហារសាលា តុទូ កៅអីជាដើម ដើម្បីតម្កល់ជាសម្បតិ្តរួមក្នុងសាសនាផង ។ នៅពេលដែល​លាចាកចេញ​ពីវត្ត ទៅរស់​នៅតាមផ្ទះវិញអ្នកទាំងនោះ អាចប្រើជំនាញរបស់​ខ្លួន​ដែល​បាន​ចេះពីនៅជាភិក្ខុ សាមណេរ ឬ យុវជនអាស្រ័យ​ក្នុងវត្តយកទៅប្រើប្រាស់ដើម្បីចិញ្ចឹមជីវិត ដូចជា ធ្វើជាងសំណង់ ជាងឈើ ជាង គំនូរ ជាងចម្លាក់ ​​​​​ជាដើម តាមសមត្ថភាពរៀងៗខ្លួនដោយមិនចាំបាច់ដើរ​រកការងារ​ធ្វើនោះឡើយ។ ចំណែកខាងចរិយាធម៌របស់សង្គមវិញ អ្នកលេង កាប់ចាក់ លួចឆក់ប្លន់ ក៏មាន​ចំនួន​​ តិច ស្ទើរតែ​គ្មាន​សោះ ព្រោះអ្នកទាំងនោះបានហ្វឹកហាត់ខាងមនុស្សធម៌ សីលធម៌ និងអរិយធម៌តាមទ្រឹស្តី ពុទ្ធសាសនា​​ ព្រមទាំងពិសោធន៍ធ្វើការងារជាក់ស្តែងផងដែរ ។
            លុះសម័យទំនើបវិស័យសង្គមកិច្ច និងការងារត្រូវបានគ្រប់គ្រងដោយរដ្ឋឡើងវិញ ដោយ បង្កើតជាក្រសួង សង្គមកិច្ច និងការងារឡើង តែវត្តអារាមនៅតែតាមជួយ​សម្រាល​ភារៈកិច្ចរបស់រដ្ឋ ជានិច្ច ដូចជា ផ្ដល់ជំរ​កសម្រាប់ស្នាក់នៅសិក្សាដល់សិស្ស និស្សិត អ្នកស្វែងរកការងារមិនទាន់បាន​ ធ្វើហើយ​គ្មាន​ផ្ទះស្នាក់នៅជាដើម។ មានភិក្ខុសង្ឃអង្គខ្លះ ដែលមាន​សមត្ថភាពក៏បានជួយរកការងារ ឲ្យយុវជន​ខ្លះធ្វើផងដែរ ។
            សកម្មភាពនេះ បានបញ្ជាក់ឲ្យឃើញនូវគុណូបការៈរបស់ព្រះពុទ្ធសាសនាដែល​បាន​ផ្ដល់នៅ ការងារ ការរក្សាជាតិ ជួយជាតិតាមរយៈសង្គមកិច្ច និងការងារសមនឹងរដ្ឋធម្មនុញ្ញ​នៃព្រះរាជា ណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ៕

                            វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!

ទស្សនវិជ្ជាពុទ្ធសាសនាលើអង្គការឃោសនាការ


គោលបំណង
            -ផ្តល់ជាសារមួយដល់សមណនិស្សិត និស្សិត​ ឲ្យបានដឹងថារាល់ព័ត៌មានស្ទើរ​តែទាំងអស់ ពីសម័យអតីតកាលវត្តព្រះពុទ្ធសាសនាជាអ្នកគ្រប់គង់និងចែកចាយ។ ការ​ចូលរួមចលនា កសាងសមិទ្ធិផលធំៗជារបស់វត្ត សាធារណនានាត្រូវបានព្រះសង្ឃ ព្រឹទ្ធាចារ្យ អាចារ្យវត្តជាអ្នកដឹកនាំ ដោយប្រើរូបភាពជាច្រើនក្នុងការឃោសនាមហាជន។ ដូច្នេះ​ថ្វីត្បិតតែសម័យនោះ ពុំទាន់មានការរីកចម្រើនផែកខាងព័ត៌មានវិជ្ជា បចេ្ចកវិជ្ចាក៏ពិតមែន​តែវិធីសាស្រ្តនិងមធ្យោបាយប្រើប្រាស់ក្នុងការផ្តល់ព័ត៌មាននាសម័យនោះអាចទទួលយកបាន ។
            ក្នុងសម័យប្រទេសមានគ្រោះថ្នាក់ កាលបើចង់ដឹងនូវដំណឹងអ្វីមួយឲ្យបាន​ច្បាស់​លាស់ ប្រជាជនតែងនាំទៅវត្តអារាម ព្រោះវត្តអារាមជាសភាជាតិ ឬមន្ទីរឃោសនា​ការ​របស់អ្នកស្រុក។ អ្នកដែលមានដំណឹងអ្វីប្លែក តែងតែយកដំណឹងនោះទៅពិគ្រោះ​ជាមួយ​លោកគ្រូចៅអធិការម្លោះហើយបានជាលោកគ្រូចៅអធិការ និងព្រះសង្ឃខ្លះតែងដឹងដំណឹង​ សុខទុក្ខក្នុងស្រុកស្ទើរតែគ្មានចន្លោះ។ ម្យ៉ាងទៀតដើម្បីផ្សាយដំណឹងឲ្យបានដឹង​ឮ​សុះសាយ ពេញស្រុកភូមិ ព្រះសង្ឃគ្រប់វត្តបានសន្មតប្រើស្គរ រគាំង គង ជាសញ្ញាដើម្បី​ឲ្យអ្នក​ស្រុកបានដឹង។ បើមានដំណឹងមហាសន្និបាត ប្រជុំគ្នាធ្វើបុណ្យទានធំៗ ដើម្បី​ស្ថាបនា​សមិទ្ធិផល អ្វីមួយក្នុងវត្ត ឬក្រៅវត្តៗតែងផ្សាយដំណឹងដោយសិល្បនាដកម្ម និងតូរ្យ តន្រ្តី របាំ ត្រុដិ ឆៃយ៉ាំ យីកេជាដើម។ ដោយមានអាចារ្យ ឬព្រឹទ្ធាចារ្យដើរមុខ​នាំរបាំទាំង​នោះ​ដើររាំច្រៀង​ប្រគំភ្លេងឃោសនាយ៉ាងគគ្រឹកគគ្រេងពេញភូមិស្រុក ដើម្បីផ្ដល់ដំណឹង​លើក​ទឹកចិត្ត សាមគ្គីធម៌ ពួតកម្លាំងគ្នា​ ជួយក្នុងកិច្ចស្ថាបនាសមិទ្ធិផលនោះៗឲ្យបានសម្រេច។ ការផ្សព្វផ្សាយដំណឹង តាមរយៈវត្តអារាមមានច្រើនណាស់ ហើយមានទំនាក់ទំនងយ៉ាង ស្អិតរមួតរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ។
            ក្រោយមកទើបរដ្ឋបានយកវិស័យឃោសនាការទាំងនោះទៅគ្រប់គ្រងម្តង ដោយ​បាន រៀបចំឲ្យមានក្រសួង ឃោសនាការឡើងដើម្បីឲ្យប្រជាជនទូទាំងប្រទេសអាចទទួល​បាននៅ ព័ត៌មានយ៉ាងទូលំទូលាយជាងមុន ។ តែទោះជាយ៉ាងណាព្រះសង្ឃ ក៏នៅជួយ​ឧបត្ថម្ភ យ៉ាងពេញទំហឹង មានជួយឃោសនាឲ្យពលរដ្ឋដឹងដំណឹងពិតតាមរយៈធម្ម ទេសនា ទស្សនាវដ្តី និងសៀវភៅក្បួនច្បាប់ផ្សេងៗ ដើម្បីបណ្តុះគំនិតជាតិនិយម ចេះស្រឡាញ់ជាតិ​សាសនា ព្រះមហាក្សត្រជាដើម ៕

                             វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!

ទស្សនវិជ្ជាពុទ្ធសាសនាលើវិស័យយុត្តិធម៌


គោលបំណង
            -បង្ហាញទស្សនប្រកបដោយទំនួលខុសត្រូវរបស់ព្រះពុទ្ធសាសនាលើវិស័យយុត្តិធម៌​ជាពិសេសការដឹងនាំមនុស្សឲ្យស្ថិតក្នុងភាពអធ្យាស្រ័យគ្នាទៅវិញទៅមក ប្រកបដោយ​ព្រហ្មវិហារធម៌ នឹងផ្អែកទៅលើទ្រឹស្តី ពិតបួនយ៉ាង(អរិយសច្ច៤) ដើម្បីឲ្យបានជាគោលគំនិត សម្រាប់សមណនិស្សិត និស្សិតយកមកត្រិះរិះពិចារណាក្នុងការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ ។​
ទោះស្ថិតនៅក្នុងសម័យទន់ខ្សោយ ឬរីកចំរើនយ៉ាងណាក៏ដោយ វត្តអារាម​ទាំងអស់​​ក្នុងព្រះពុទ្ធសាសនា នៅតែមានសារៈសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ និងពង្រីក​វឌ្ឍនភាពនៃ យុត្តិធម៌ ទៅក្នុងសង្គមខ្មែរ តាម​រយៈ​ទ្រឹស្តីទស្សនវិជ្ជាព្រះពុទ្ធសាសនា ដើម្បី​ដឹក​នាំប្រជាពលរដ្ឋឲ្យ មានចិត្ត គំនិតស្លួតត្រង់​ប្រកប​​ដោយ​គតិបណិ្ឌត ស្គាល់គុណ ​ស្គាល់​ទោស ស្គាល់ខុស ស្គាល់ត្រូវ ចេះវិនិច្ឆ័យ​ពិចារណា​​រកការពិតនៃទំនាស់ប្រកប​ដោយ​យុត្តិធម៌ ក្រមសីលធម៌ និងចរិយាធម៌។ ប្រជាជនខ្មែរ​ស្អប់ខ្ពើម​ភាពអយុត្តិធម៌ និងឈ្លោះ​ទាស់ទែងគ្នាខ្លាំងណាស់។ បើមានទំនាស់កើតឡើង តែង​នាំគ្នា​ទៅវត្តដើម្បីនិមន្ត​លោក​គ្រូចៅអធិការជួយផ្សះផ្សារ ឬរកយុត្តិធម៌ ដើម្បីកុំឲ្យអធិករណ៍ កើតឡើង មានការ​ប្តឹងប្តល់គ្នា​រហូតដល់​តុលាការ​ដែលនាំឲ្យខូចពេលវេលាកិត្តិយស និងទ្រព្យ សម្បត្តិជាដើម ។ ប៉ុណ្ណោះ​ អាចសបញ្ជាក់ឲ្យដឹងបានថា ព្រះពុទ្ធសាសនាមិនចង់ឲ្យមនុស្ស មានទំនាស់​ហើយមិន​ចង់ឲ្យមានរឿងអយុត្តិធម៌កើតឡើងរវាងគ្នានឹងគ្នា។ តម្លៃ​របស់វត្តអារាម​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរដែលបានលើកឡើងមកនេះបានបញ្ជាក់​ឲ្យ​យើង​​ដឹង​ថា ទំនាក់​ទំនង​រវាង ព្រះពុទ្ធ សាសនាពិតជាមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅមិនអាច​នឹងកាត់ថ្លៃបាន ព្រោះ ពុទ្ធសាសនា​​​ គឺជាព្រលឹងវិញ្ញាណ នៃប្រជាជនខ្មែរទាំងមូល។ ប្រជា​ពលរដ្ឋ​​​ខ្មែរ​​ទោះតូចក្តីធំក្តី​ ក៏សុទ្ធតែ​ត្រូវបានទទួលការអប់រំផ្ទាល់ខ្លះ ប្រយោលខ្លះ​ តាមរយៈ​ព្រះពុទ្ធសាសនា ព្រោះផ្នត់គំនិត​របស់ ខ្មែរទាំងមូលបានដក់ជាប់តាមនៅពុទ្ធោវាទ ឬទស្សន​វិជ្ជាព្រះពុទ្ធសាសនា ប៉ុន្តែ​ប្រជាពលរដ្ឋ ខ្មែរមួយចំនួនមិនបានដឹងថា អ្វីដែលកំពុង​ប្រព្រឹត្ត​នោះស្ថិតនៅក្នុងកន្សោម​នៃ​ទស្សនវិជ្ជា ព្រះពុទ្ធ សាសនានោះទេ។ តម្លៃអប់រំសីលធម៌ ​ចរិយា ធម៌​ទាំងឡាយរបស់ឪពុកម្តាយចំពោះកូន គ្រូចំពោះ សិស្ស និងរដ្ឋាភិបាលចំពោះ​ប្រជាជនក៏សុទ្ធតែបានស្រង់ចេញ​អំពីព្រះពុទ្ធោវាទយក មកអនុវត្ត។ យើងអាចសង្កេត​ឃើញ​​តាមរយៈឥរិយាបទប្រជាជនខ្មែរមានលក្ខណៈស្លូតបូត និយាយស្តីមាន កំណត់ច្បាស់​លាស់ប្រកបដោយសីលធម៌ ចូលចិត្ត​ធ្វើអ្វីមួយមានហេតុផល ច្បាស់លាស់ប្រកប ដោយ​វិចារណញ្ញាណចេះអនុគ្រោះ អាណិត​អាសូរមានអាធ្យាស្រ័យស្រឡាញ់ រាប់អានគ្នា ចេះ​ជួយ​គ្នា​ទៅវិញទៅមកពោរពេញ​ទៅ​ដោយ​ទឹក​ចិត្តសប្បុរសធម៌ ។ តែទង្វើនោះ បានមកពី​បរបត់​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនាដែលបានចាក់ ឫសយ៉ាង មាំស៊ប់ក្នុងសណ្តានដូងចិត្ត​នៃ​ប្រជាជនខ្មែរ ។
            ព្រះពុទ្ធសាសនានៅតែមានមានតម្លៃជានិច្ចចំពោះប្រជាពលរដ្ឋខ្មែរ ទោះបីសម័យ​ទំនើបមាន ទស្សនៈប្រឆាំងជាមួយទស្សនៈព្រះពុទ្ធសាសនាយ៉ាងណាក៏ដោយ សាសនានេះ​នៅ​​តែងលើក កំពស់នូវ​ការ​​អភិវឌ្ឍធនធានមនុស្សជានិច្ច ដូចជាផ្ដល់ទីជំរកឲ្យព្រះសង្ឃ សិស្ស និស្សិត និងអ្នក ដែលមិនមានទីពឹង បានស្នាក់នៅ​អាស្រ័យសិក្សាក្នុងវត្ត   សកម្មភាព​នេះ​គឺជាកត្តាដ៏សំខា ន់ក្នុងការ ចូលរួមលើកកំពស់វិស័យយុត្តិធម៌ និងកាត់បន្ថយ​នៅ​ភាពក្រីក្រ និងអនុគ្រោះដល់ប្រជាពលរដ្ឋ ។
            នៅពេលកូនក្នុងគ្រួសាររស់នៅបា្រសចាកគន្លងសីលធម៌ ឪពុកម្តាយតែងនឹក​ឃើញ​ដល់វត្ត ព្រោះវត្តជាកន្លែងអប់រំដល់ផ្លូវចិត្តដ៏សក្តិសិទ្ធិបំផុត ដែលអាចធ្វើឲ្យមនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ឲ្យ ងាកមករកអំពើល្អវិញបាន។ ពិសេសជាងនោះទៅទៀតព្រះពុទ្ធសាសនា គឺ​ជាមជ្ឈ​មណ្ឌលនៃ សន្តិភាព យុត្តិធម៌ផ្អែកលើទ្រឹស្តីការពិតបួនយ៉ាង(អរិយសច្ច៤) ដែលជា​កត្តាសំខាន់​បំផុត​ក្នុងការ ស្វែងរកសន្តិភាព និងសេចក្តីល្អក្នុងសង្គមហើយក៏ជាវិធីសាស្រ្ត​ដ៏ប្រសើបំផុត​ក្នុង​ការ​ដោះស្រាយ ទំនាស់ ។ ទស្សនវិជ្ជាព្រះពុទ្ធសាសនាមានសារៈសំខាន់យ៉ាងនេះហើយ ទើបបានរដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រកម្ពុជាបានចែងនិងប្រកាសថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រោះព្រះពុទ្ធ សាសនាជាមជ្ឈមណ្ឌលនៃជីវិតប្រជាជនខ្មែរយ៉ាងពិតៗ គ្មានជនជាតិ​ខ្មែរ​​ណាម្នាក់មិន ដែលធ្លាប់ ទទួលយកឥទ្ធិពលនៃសាសនានោះឡើយ ។

                              វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!

ទស្សនវិជ្ជាពុទ្ធសាសនាលើអង្គការការពារជាតិ


គោលបំណង
          -ចង់ឲ្យសមណនិស្សិត និស្សិត ដឹងថាព្រះពុទ្ធសាសនា មិនមែនជួយ​ជ្រោមជ្រែង​តែផ្នែកខាងស្មារតី និងសម្ភារៈដល់សង្គមទេ តែវិស័យការពារជាតិ ព្រះពុទ្ធសាសនា​បានចូលរួ មយ៉ាងសកម្មផងដែល។ ម្យ៉ាងវិញទៀតឲ្យសមណនិស្សិត និស្សិត យល់ដឹង​អំពីជំនឿព្រះពុទ្ធសាសនា និងមានជាប់ទាក់ទង់ជាមួយនិងព្រហ្មញសាសនាដែល​មិន​អាចខ្វះបានក្នុងករណីខ្លះៗ។             
ក្នុងសម័យដែលប្រទេសយើងកំពុងជួបប្រទះនូវសង្រ្គាម ប្រជាពលរដ្ឋខ្មែរ និង​ទាហាន​ជាតិបាននាំគ្នាទៅហាត់រៀនវិជ្ជាយុទ្ធសាស្រ្តក្នុងទីវត្តអារាម​ ដែលមានព្រះសង្ឃ​ចាស់ទុំខ្លះធ្លាប់ធ្វើមេទ័ព ឬធា្លប់ចេះធ្វើយុទ្ធវិធី និងមន្តអាគមផ្សេងៗដូចជា វីជ្ជាគុនដំបង គុនដាវលំពែង បោកចំបាប់ ហក់លោត និងរៀនមន្តអាគមការពារខ្លួន រៀនវិធីប្រក់ពល នាំទ័ព កលឧបាយសង្គ្រាមជាដើម ។ ដោយវត្តអារាមមានសម្ភារៈខាងជាងដែកស្រាប់ និងព្រះសង្ឃចេះក្បួនធ្វើដាវលំពែងគេតែងនាំទៅធ្វើអាវុធនៅក្បែរវត្ត និងសុំអាវយ័ន្ត កន្សែងយ័ន្ត ខ្សែគាថាពីព្រះសង្ឃដែលមានបច្ចេកទេសក្នុងរឿងនេះ
លុះសម័យក្រោយមកវិស័យការការពារជាតិត្រូវបានឃ្លាតកាយឆ្ងាយពីវត្តអារាម បង្កើតបាន ជាក្រសួងការពារជាតិឡើង។ ទោះជាយ៉ាងនេះក៏ដោយ ក៏ព្រះសង្ឃ​នៅតែគាំទ្រ និងជួយឧបត្ថម្ភ តាមលទ្ធភាពដែលអាចជួយបាន ។

                     វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!!


Monday, November 5, 2012

ទស្សនវិជ្ជាពុទ្ធសាសនាលើសង្គម

 គោលបំណង
- ឲ្យសមណនិស្សិត.និស្សិតយល់ដឹងពីវិធីសាស្រ្តដែលព្រះពុទ្ធសាសនា     បានជួយ
​​  ជួយដល់ការងារសង្គម ។                                                          
- សមណនិស្សិត និស្សិតហាត់រៀនពីររបៀបធ្វើការងារសង្គម និងការធ្វើ  កិច្ច​
  សហប្រតិ្តការ​ជួយដោះស្រាយបញ្ហាប្រឈមនានារបស់សង្គម។                  
- ហាត់ពាត់ចិត្តគំនិត និងអាកប្បកិរិយាមារយាទរបស់ខ្លួនឲ្យបាន​ល្អប្រសើរ

ចាប់តាំងពីបានត្រាស់ដឹង ជាព្រះសព្វញ្ញូពុទ្ធប្រាកដក្នុងលោកនាថ្ងៃពុធ ពេញ​បូណ៌មី ១៥កើត ខែពិសាខ ឆ្នាំរកា រហូតដល់វស្សាទី៤៥ព្រះជន្មាយុ៨០ព្រះវស្សា ព្រះសម្មាសម្ពុទ្ធទ្រង់បា្ររព្ធនូវពុទ្ធកិច្ច៥យ៉ាងដោយខ្ជាប់ខ្ជួន​។ គោលបំណងក្នុង​ការបំពេ​ញ​នូវពុទ្ធកិច្ចរបស់ព្រះអង្គ គឺចង់​​រំដោះសត្វលោកឲ្យផុតពីសេចក្តីទុក្ខគ្រប់ប្រការ បានទទួល​​នូវ​សេចក្តីសុខសន្តិភាពពេញលេញបរិបូរ តាមរយៈការគោរពបត្តិបត្តនូវព្រះធម៌​ប្រកប​ដោយ​អដ្ឋង្គិកមគ្គទាំងប្រាំបីប្រការមានសម្មាទិដ្ឋិជាខាងដើម និងមានសម្មាសម្មាធិជា​ខាងចុង និងក្នុងគោលបំណងចូលទៅឲ្យជិតនិងសង្គមប្រយោជន៍ចូលរួមដោះស្រាយ​បញ្ហាសង្គមដែលកុំពុងមានការជូបលំបាក។​
លុះសម័យតមកគ្រប់ជំនឿបុណ្យទានខាងព្រះពុទ្ធសាសនា និងបុណ្យប្រពៃណី​សំខាន់ៗប្រជាជនអ្នកកាន់ព្រះពុទ្ធសាសនាគេតែងប្រមូល​គ្នា​ទៅធ្វើនៅតាមវត្តអារាម​​​។ ​ការ​​ប្រមូលគ្នាទៅវត្តអារាមនេះមានប្រយោជន៍ណាស់ ព្រោះជាឱកាសល្អនាំឲ្យមានការជួប​គ្នារាប់រកគ្នាបានប្រាស្រ័យទាក់ទង់គ្នានិងគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ​រិតចំណង​សាមគ្គីគ្នាឲ្យបានកាត់តែល្អប្រសើឡើង និងផ្តល់​យោបល់​គ្នាឲ្យចេះរូបរួមគ្នា ដើម្បីបំពេញ​កុសលឬសម្រេចកិច្ចការសង្គមអ្វីនីមួយៗ។ ការសមាទាន​សីល​៥ និងសីលប្រាំបី ជាកិច្ចការសង្គមមួយ​ដ៏ប្រសើរ ព្រោះបានដុសខាត់សង្គមឲ្យស្អាតបរិសុទ្ធ ឲ្យមាន​ចរិយា​ប្រសើរមានសីលធម៌ខ្ពស់។ ឯការបំពេញទានថ្វាយសង្ឃ  និងការចែករំលែងបទ​ពិសោធន៍ ចែករំលែកទ្រព្យសម្បត្តិដែលខ្លួនបានមកដោយផ្លូវត្រូវ គឺជាការងារសង្គមមួយដ៏​ប្រសើរ​ផងដែរ ព្រោះជាការជម្រះសេចក្តីកំណាញមិនគិតតែ​ប្រយោជន៍ផ្ទាល់ខ្លួន និងជាការ​បង្ហាត់​ខ្លូនឲ្យចិត្តធំទូលាយ ចេះគិតផ្តល់ផលប្រយោជន៍ និងសេចក្តីសុខនៃគ្នាទៅវិញទៅ​​មក មិន​តែប៉ុណ្ណោះទេការ​ប្រមូលគ្នាទៅវត្តជាឱកាសមួយប្រសើរដោយឡែកទៀត ព្រោះ​អាចយក​ពេល​ជូបគ្នានេះ​​​​ សម្រាប់ជជែកគ្នា ពិគ្រោះគ្នា ពិភាក្សាគ្នា អំពីកិច្ចការសង្គម​ជា​​ប្រក្រតី​​ថែមទៀតផង ។
ហេតុដូច្នេះ បញ្ហាអ្វីមួយដែលជាកិច្ចការសង្គម ត្រូវបានគេប្រឹក្សាគ្នា​នៅវត្តអារាមដោយមាន
លោកគ្រូចៅអធិការ  និងអាចារ្យគណៈកម្មការជាប្រធាន ដើម្បី​ស្វេងរកគន្លឹះដោះស្រាយកិច្ច​​​​ការ​ ​នោះៗ។
         ចាស់ទំបរមបូរាណខ្មែរ បានបង្កើតបុណ្យទំនៀមច្រើន ដើម្បីអប់រំនិស្ស័យសង្គមឲ្យ​ជាប់​​ និងពុទ្ធសាសនា ដូចបុណ្យកាន់បិណ្ឌ បុណ្យស្រង់ព្រះ បុណ្យស្រោចស្រពមាតាបិតា​ចាស់ទុំ បុណ្យបំបួសនាគ បុណ្យកឋិនទាន បុណ្យសព ពិធីរៀបមង្គលការ​កូនប្រុស​​ស្រី​ជាស្វាមី ភរិយា បុណ្យចូលឆ្នាំ។ល។​ ក៏ចាស់ទុំបញ្ចូនលទ្ធិពុទ្ធសាសនា​ជាមង្គលទាំងអស់។បុណ្យសំខាន់មួយទៀតសម្រាប់​​អប់រំចរិយាសង្គមឲ្យវិសេសវិសាល គឺបុណ្យទេសនាទសជាតិ។ ការទេសនាទសជាតិ គឺសម្តែងពីចរិយាព្រះបរមពោធិសត្វដែលព្រះអង្គខំប្រឹង ប្រតិបត្តិក្នុងអតីតជាតិឲ្យបានត្រាស់ដឹងធម៌​ ឲ្យប្រជាជនស្តាប់ហើយឲ្យយកជាគតិ​ទុកជា​ពន្លឺក្នុងជីវិតខ្លួនគ្រប់ៗគ្នា សម្រាប់ប្រតិបត្តិយកសេចក្តីសុខ​​នៅនាលោកនេះនឹងបរមលោក។ អាស្រ័យដោយការអប់រំដ៏ប្រសើរយ៉ាងនេះ ប្រជាជនខ្មែរបានចេះដឹងពុទ្ធចរិយា ដែល​បរមពោធិសត្វរាល់ព្រះអង្គបានបំពេញទសបារមី ហើយ​ប្រព្រឹត្តតាមពុទ្ធចរិយា យក​ពុទ្ធចរិយានេះជាគតិប្រចាំជីវិត ដើម្បីទូន្មានខ្លួនឲ្យប្រព្រឹត្តល្អ ឲ្យមានសីលខ្ពង់ខ្ពស់ មានចិត្ត​តាំងនៅក្នុងធម៌ ។

វាគ្រាន់តែជាមេរៀនទេតែត្រូវមានការពិចារណា ថាត្រឹមតូ្រវមានប្រយោជន៍ចាំទទួលយកណា!! 



ប្រវត្តិព្រះពុទ្ធសាសនាចូលមកក្នុងប្រទេសខ្មែរ


ព្រះពុទ្ធសាសនា បានចូលមកប្រតិស្ថាននៅប្រទេសកម្ពុជា ជាងពីរពាន់ឆ្នាំ​​​ មក​ហើយតាំងតែពីពាក់កណ្តាលពុទ្ធសតវត្យទី៣ រវាងឆ្នាំ២៣៤នៃពុទ្ធសករាជ។ តាម​ប្រភព​ឯកសារ​ កោះ​សិរីលង្កាថា នៅក្រោមតតិយសង្គាយនា ក្រោមព្រះរាជូបត្ថម្ភ​នៃព្រះបាទធម្មាសោកមហារាជព្រះ មោគ្គលិបុត្តតស្សត្ថេរ បានបញ្ជូនសមណទូត​ពីរអង្គគឺ ព្រះសោណត្ថេរ និង​ព្រះឧត្តរត្ថេរ មកកាន់ដែនសុវណ្ណភូមិជាឈ្មោះដែន​ដី ដែល​មានប្រទេសជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​​អះអាង​ថា​ជាទីឋាននៅក្នុងប្រទេសរបស់​គេតែរៀងៗខ្លួន។ ​
ប៉ុន្តែ បើតាមការសិក្សាស្រាវជ្រាវខាង​ប្រវត្តិវិទ្យា​​​​​ និងខាងបុរាណវត្ថុ​វិទ្យា​វិញ​ឃើញថា​ ព្រះពុទ្ធសាសនា បានមកដល់ប្រទេសខ្មែរមុនជាង​ទីឋាន​សុវណ្ណ​ភូមិ​ឯទៀតទាំងអស់។ តាំងពីពេលនោះមក ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជានេះ ពុំដែលរលត់សាបសូន្យម្តងណាទេ ។ ទោះបី មានការគោរពបែបមហាយានផង បែបថេរវាទ​ផង​តែក្រុមទាំងពីរមិនដែលមានទំនាស់នឹងគ្នាឡើយ គ្រាន់តែផ្លាស់ប្តូរគ្នា​ក្នុង​ឋានៈ​ជា សាសនា​របស់រដ្ឋ។​ ព្រះពុទ្ធសាសនាមហាយានបានរីកចម្រើន​ដល់កំពូល​ក្នុងរាជព្រះបាទជ័យវ័រ្មនទី៧ នៅចុងស.វទី១២នៃគ្រិស្គសករាជ។ បន្ទាប់ពីចក្រភពខ្មែរ​សម័យ អង្គរដួលរលំទៅ ព្រះពុទ្ធសាសនា​​​ថេរ​វាទ​បានចេញមកជំនួសព្រះពុទ្ធសាសនា​មហាយាន ហើយនៅស្ថិតស្ថេរ​រហូត​មកដល់សព្វថ្ងៃ(លើកលែងតែសម័យប៉ុលពត)។ ក្នុងថេរវេលា ជាងពីរពាន់ប្រាំរយឆ្នាំនេះ ព្រះពុទ្ធសាសនាបានក្លាយទៅជាស្នូល​នៃផ្នត់​ចិត្ត​គំនិត​​​របស់ប្រជាជនខ្មែរ ជាព្រលឹងរបស់​ប្រទេស​ជាតិ និងបានផ្តល់ឥទ្ធិពលយ៉ាង​ជ្រាលជ្រៅ​ទៅលើវប្បធម៌ អក្សរសាស្រ្ត សិល្បៈ ទំនៀម​ទម្លាប់ ប្រពៃណី សីលធម៌ សង្គមធម៌ របស់ មនុស្សខ្មែរ ។ ប្រជានជនខ្មែរជាង៩០%​ជាអ្នកកាន់ព្រះពុទ្ធសាសនា។ ពូកគេ​គោរពបូជាព្រះពុទ្ធសាសនាដោយសទ្ធារឹងមាំទុកជាមាគ៌ា​ជីវិត​​របស់ខ្លួន។ សូម្បី​ក្នុង​សម័យអាប់ឱន​ និងក្នុងសម័យខ្មែរក្រហម​ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដែលគេបាន​ដក​សិទ្ធខាង ជំនឿសាសនាពីប្រជាជនខ្មែរទាំងស្រុង គេបំផ្លាញសរណឋានគេបិទ​​វត្ត​អារាម គេចាប់ផ្សឹកព្រះសង្ឃទាំងអស់ជាងប្រាំមួយម៉ឺនអង្គ និងធ្វើគតព្រះសង្ឃ​រាប់ពាន់​អង្គ គេដុត​បំផ្លាញសៀវភៅធម៌គម្ពីរដីកា​ស្ទើរទាំងអស់ គេលប់បំបាត់ជំនឿ ទំនៀម​ទម្លាប់​ប្រពៃណី​​បុណ្យទាន និងពិធីផ្សេងៗក្នុងគ្រួសារប្រជាពលរដ្ឋគ្មានផ្ទះសម្បែង​ស្នាក់​​​អាស្រ័យ​​ ​គ្មាន​អាហារហូប​​ចុកព្រាត់ពីមនុស្សជា​ទីស្រឡាញ់​របស់ខ្លួន ក៏ដោយ​ក៏​ប្រជាជន​​ខ្មែរ ដែល​បាន​ស្គាល់​រស់ជាតិព្រះធម៌ថ្លៃវិសេសហើយ ប្រឹងឱសាសនានេះ​ ជាប់នឹង​ខ្លួន​​​ទុក​រហូតមក ស៊ូស្លាប់មិនព្រម​លះបងចោលឡើយ ។